ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Keller Williams ឬ KW Cambodia គ្រោងនឹងបើកការិយាល័យភ្នាក់ងាររបស់ខ្លួន១០០ទីតាំង ដែលដែលនឹងប្រមូលដោយភ្នាក់ងារជំនាញប្រមាណ៧,០០០នាក់ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើន នៃវិស័យអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូកន្លងមកថា គោលដៅរបស់ក្រុមហ៊ុន KW Cambodia នឹងប្រមូលផ្តុំភ្នាក់ងារអចលនទ្រព្យ និងបើកការិយាល័យជាច្រើនកន្លែង ដើម្បីឆ្លើយតបនឹងការរីកលូតលាស់នៃអចលនទ្រព្យ។
លោកឧកញ៉ាបានថ្លែងថា “ចក្ខុវិស័យរបស់យើង គឺក្នុងរយៈពេល១យើងនឹងបើក ការិយាល័យឱ្យបាន១០០ ទីតាំង។ គោលដៅរបស់យើងគឺបើកគ្រប់ខណ្ឌ គ្រប់ខេត្ត គ្រប់ស្រុក ដែលត្រូវតែមានវត្តមានរបស់យើង”។ លោកបន្ថែមថា “ដូច្នេះយើងកំណត់ថា យើងនឹងបើក១០០ទីតាំងនៅទូទាំងប្រទេស ហើយនឹងប្រមូលភ្នាក់ងាររបស់យើង ឱ្យបានយ៉ាងតិចបំផុត ៧,០០០នាក់”។
លោកបានបន្តថា នៅពេលដែលយើងមានអវត្តមាននៅគ្រប់ខេត្ត ក្រុង ហើយមានមនុស្ស៧,០០០នាក់ វាមានន័យគាត់(អតិថិជន) ប្រើតែមនុស្សម្នាក់គឺមាន១០០ ការិយាល័យ និងមនុស្ស៧,០០០នាក់ចាំលក់ឱ្យគាត់។ ឧទាហរណ៍ គាត់ចង់លក់កន្លែងក៏ដោយនៅទូទាំងកម្ពុជា គឺមាន៧,០០០នាក់ចាំលក់ឱ្យគាត់ ហើយមានទីតាំងចំាលក់ឱ្យគាត់ ដូច្នេះវាលឿន ហើយអ្នកប្រើប្រាស់សេវារបស់ KW Cambodia ថ្ងៃក្រោយនឹងសេវាលឿន និងមានប្រសិទ្ធិភាព។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានឱ្យដឺងទៀតថា “យើងមានមនុស្ស៧,០០០ ពាន់នាក់ និង១០០ទីតាំង។ អតិថិជនចង់ទិញ និងលក់ យើងមានសេវាជួនគាត់ភ្លាមៗតែម្តង។ អត្ថប្រយោជន៍ នៅពេលដែលយើងមានទំហំធំ យើងមានគ្នាច្រើន គឺធ្វើកិច្ចការបានលឿន”។
ក្នុងរយៈពេល១០ក្រោយ ពោលគឺនៅឆ្នាំ២០២៨ ក្រុមហ៊ុន KW Cambodia នឹងបង្កើតឱ្យមាន១០០ ទីតាំង ហើយភ្នាក់ងារយើងចំនួន៧, ០០០នាក់។ នេះជាទស្សនៈវិស័យរួមរបស់ក្រុមហ៊ុន ខណៈជំហ៊ានបន្ទាប់របស់ក្រុមហ៊ុន នឹងឈានចូលក្នុងផ្សារហ៊ុននៅកម្ពុជាផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន KW Cambodia មាន៩សាខា និងមានអនុសាខាចំនួន៥។ ក្នុងសាខាចំនួន៩មានសាខានៅភ្នំពេញចំនួន ៦ នៅខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌដង្កោ និងខណ្ឌពោសែនជ័យ។ តាមបណ្តាខេត្ត ក្រុមហ៊ុនមាន ៣សាខា រួមសាខាខេត្តបាត់ដំបង សៀមរាប និងកំពង់ស្ពឺ។