ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាម៉េរិកនៅកម្ពុជា (KW-កម្ពុជា) បានបង្ហើបពីមហិច្ចតាខ្លួនជាថ្មីម្តងទៀតត្រៀមខ្លួននឹងអភិវឌ្ឍន៍តំបន់មានសក្តានុពលជាច្រើនកន្លែងនៅកម្ពុជាឱ្យរីកចម្រើន ខណៈពេលនេះបានប្រមូលជើងខ្លាំងប្រាំមួយតំបន់ចូលគ្នាទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ KW-កម្ពុជាប្រារព្ធពិធីចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខានិងអនុសាខារបស់ KW-កម្ពុជាចំនួនបួនតំបន់ ដោយមាន លោក ស្រីបណ្ឌិត ស្វាយ សោម៉ា បើកដំណើរការសាខា KW-កម្ពុជាខណ្ឌដង្កោ, លោក ស៊ី ប៊ុនថៃ បើកដំណើរការសាខា KW-កម្ពុជា ខេត្តសៀមរាប, លោក កាំង វណ្ណៈ បើកដំណើរការសាខា KW-កម្ពុជាខណ្ឌពោធិ៍សែនជ័យ, លោក ឆុង គឹមហេង បើកដំណើរការសាខា KW-កម្ពុជា ខេត្តកំពង់ស្ពឺ, លោកស្រី ចុង ជីងម៉ី បើកដំណើរការសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត និង លោក កែវ សុជាតិបើកដំណើរការសាខា KW-កម្ពុជា ក្រុងកំពត។
លោកឧញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KW-កម្ពុជា បានថ្លែងឱ្យដឹងថា អ្នកជំនាញទាំងប្រាំមួយរូបនេះមិនមែនចូលខ្លួនមកដើម្បីគ្រាន់តែលក់អចលនទ្រព្យឡើយ ព្រោះម្នាក់ៗសុទ្ធតែមានក្រុមហ៊ុនរៀងៗខ្លួន។ ខ្លះសុទ្ធជាម្ចាស់បុរី ម្ចាស់ដីឡូត៍ធំ។ ខ្លះជាអ្នកអភិវឌ្ឍន៍គម្រោងធំៗ ។ ការចូលរួមពីជើងខ្លាំងទាំងប្រាំតំបន់នេះមកដើម្បីរួមគ្នាសម្លឹងទៅមុខរាប់សិបឆ្នាំទៅមុខ មិនមែនបច្ចុប្បន្ននេះឡើយ។ មុននឹងលោកយក KW ចូលកម្ពុជា លោកបានគូសវាស រួចហើយ។ លោកនឹងខំប្រឹងប្រមូលអ្នកអភិវឌ្ឍន៍អ្នកអចលនទ្រព្យចូលគ្នាឱ្យក្លាយក្រុមហ៊ុនធំឈានចូលទីផ្សារអន្តរជាតិ មិនមែនមិនត្រឹមតែលក់ដីឬអភិវឌ្ឍន៍តូចៗនោះឡើយ។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ដើម្បីប្រទេសរីកចម្រើនជឿនលឿនទៅមុខ ហើយល្អ មានស្តង់ដារតាមបែបអាម៉េរិកនោះ ត្រូវដើរតាមនិងអនុវត្ត KW របស់អាម៉េរិក។ លោកបានដាក់ផែនការរួចហើយ។ កម្ពុជាយើងនឹងមានក្រុមហ៊ុនផ្នែកអចលនទ្រព្យ KW-កម្ពុជា១០០ សាខាទូទាំងប្រទេសកម្ពុជា ជាមួយសមាជិក៧.០០០នាក់ ដោយមានគោលដៅចង់ចំណេញ ប្រាក់ត្រឹមតែ១០០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ៕ ដោយៈ បូរិន/Ha