ឆាកជីវិតរបស់មនុស្សម្នាក់មិនអាចសន្មតទុកជាមុនថា បុគ្គលនោះនឹងអាចមានអនាគតបែបណាឡើយដោយគ្រាន់តែឃើញបច្ចុប្បន្នរបស់គេជួបនូវរឿងមិនគាប់ប្រសើរឬទទួលរងនូវភាពបរាជ័យជាច្រើននោះទេ។ ពីព្រោះថាការខិតខំពុះពាររបស់បុគ្គលនីមួយៗមានដែនកំណត់នឹងគោលដៅផ្សេងៗគ្នា ស្របទៅតាមមហិច្ឋតាដែលក្រុមមនុស្សទាំងនោះកំណត់យក។
ជាក់ស្តែងយោងតាមសម្ដីរបស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងដែលជាអគ្គនាយកក្រុមហ៊ុនKW Cambodia និងKhmer Real Estate បានចែករំលែកនៅក្នុងគេហទំព័រហ្វេសប៊ុកផ្ទាល់របស់លោកពីប្រវត្តិនៃការសិក្សាក៏ដូចជាការខិតខំតស៊ូ ព្យាយាម ជម្នះរាល់បញ្ហាទាំងឡាយដើម្បីទទួលបាននូវជោគជ័យ និងសម្រេចបានគោលបំណងដែលខ្លួនប្រាថ្នាមកដល់បច្ចុប្បន្ននេះ៖
១. ក្រោមចប់ថ្នាក់ឌីប្លូម នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យបាវិត ក្នុងឆ្នាំ ១៩៩៥ ខ្ញុំបានចាកចេញពីស្រុកកំណើត ក្នុងវ័យ១៦ឆ្នាំ មកបន្តការសិក្សានៅ វិទ្យាល័យស្វាយរៀង!
២. សិក្សានៅវិទ្យាល័យស្វាយរៀង ពីឆ្នាំ ១៩៩៥ ដល់ ១៩៩៨ ខ្ញុំបានផ្លាស់ប្តូរកន្លែងស្នាក់នៅ ៧កន្លែងយ៉ាងលំបាក ហើយអ្នកម្តាយបង្កើតក៏បានស្លាប់ក្នុងឆ្នាំ ១៩៩៧!
៣. ខ្ញុំប្រលងជាប់បាក់ឌុបឆ្នាំ ១៩៩៨ ដោយបាននិទ្ទេសមធ្យម ឬគេហៅថាប៊ិះធ្លាក់ (E) តែបានធ្លាក់ក្នុងការប្រលងចូលរៀនច្បាប់នៅ RULE ធ្លាក់នៅសាលាភាសា IFL និងធ្លាក់ចូលរៀនមហាវិទ្យាល័យប្រវត្តិវិទ្យា នៅ RUPP!
៤. សូម្បីតែប្រលងចូលរៀនមហាវិទ្យាល័យប្រវត្តិវិទ្យា នៅ RUPP ដើម្បីធ្វើជាគ្រូប្រវត្តិវិទ្យានៅតាមវិទ្យាល័យ ដែលមើលទៅស្រូលជាងគេ ក៏ខ្ញុំប្រលងមិនជាប់ផង ហើយលុយរៀនសាលាឯកជន ក៏ខ្ញុំ និងគ្រួសារទាំងមួលអត់មានទេ!
៥. សព្វថ្ងៃនេះ គីម ហ៊ាង គឺជាឧកញ្ញាសាស្រ្តាចារ្យបណ្ឌិត ដែលមានសញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត មានគោរមងារជាឧកញ្ញា មានមេដៃស្ថាបនាជាតិ ជាតុបការ មានបទពិសោធន៌បង្រៀន ២០ឆ្នាំ ដោយជាង ១០ឆ្នាំ នៅតាមសកលវិទ្យាល័យ ធ្វើជាប្រធានសមាគមធីធ្លី ទាំងនៅស្រុកខ្មែរ ទាំងនៅអាស៊ានទាំងមូល មានមុខរបរទាំងពី ទិញ លក់ ជួល វាយតម្លៃ គ្រប់គ្រង វិនិយោគ និងអភិវឌ្ឍន៌អចលនទ្រព្យ ព្រមទាំងសំណង់! អតីតសិស្សប៊ិះធ្លាក់បាក់ឌុប ១៩៩៨ និងប្រលងឆ្លាក់ក្នុងការចូលរៀនគ្រប់សាលា។
ជារួមការជោគជ័យរបស់លោក ឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបង្ហាញឱ្យឃើញថា សេចក្ដីតស៊ូព្យាយាមគង់បានសម្រេច អ្វីដែលជាកត្តាចម្បងរបស់មនុស្សគ្រប់រូបគួរណាស់តែធ្វើនោះគឺកុំរត់ចោលឬគេចចេញបញ្ហា។ ដោយហេតុថា បញ្ហានោះហើយគឺជារឿងចម្បងដែលបង្ហាញផ្លូវដើរទៅកាន់ក្តីស្រមៃ និងជួយសម្រួចគោលដៅរបស់អ្នកថែមទៀតផង។