(855) 023 928 789
English Chinese (Simplified)

Events

អ្នកជំនាញ រំពឹងវិស័យអចលនទ្រព្យខេត្តសៀមរាប នឹងរីកចម្រើនយ៉ាងគំហុក ក្រោយវិបត្តិកូវីដ-១៩

fn-2021-01-11-21-01-11-0 1

(ភ្នំពេញ)៖ លោក កែវ សុធារ៉ា នាយកប្រតិបត្តិ KW ខេត្តសៀមរាបបានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា វិស័យអចលនទ្រព្យក្នុងខេត្តគោលដៅ​ទេសចរណ៍ពិភពលោក​មួយនេះ នឹងមានការរីកចម្រើនយ៉ាងគំហុកឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ខណៈព័ត៌មានពីវ៉ាក់សាំងជំងឺដ៏កាចសាហាវនេះ កំពុងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់ពិភពលោក។

ការអះអាងនេះបានធ្វើឡើងក្នុងឱកាសក្រុមហ៊ុន KW Cambodia បានចុះកិច្ចព្រមព្រៀងបើកអនុសាខា KW ខេត្តសៀមរាប ដែលជាសាខារបស់ KW ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ការបង្ហាញសុទិដ្ឋិនិយមនេះដែរ ដោយផ្អែកលើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមទិញវ៉ាក់សាំងចាក់ជូន​ប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃជាដើម។ អ្វីដែលពិសេស គឺនឹងមានគម្រោងអភិវឌ្ឍធំៗជាច្រើន នៅខេត្តដ៏មានសក្ដានុពលផ្នែកវិស័យទេសចរណ៍នេះ។

អ្នកជំនាញវ័យក្មេងរូបនេះបញ្ជាក់ថា «ក្នុងឆ្នាំ២០២០ យើងអត់ទាន់ឃើញត្រើយទេ ព្រោះវ៉ាក់សាំងអត់ទាន់ចេញ តែពេលនេះ ខ្ញុំឃើញត្រើយហើយ បន្ទាប់ពីពិភពលោករកឃើញវ៉ាក់សាំង។ ចឹងខ្ញុំមានសុទិដ្ឋិនិយមថា ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ធំក្នុងប្រទេសកម្ពុជា ហើយនឹងមានគម្រោងអភិវឌ្ឍធំៗជាច្រើន នឹងធ្វើឲ្យវិស័យដីធ្លីមានការរីកចម្រើនយ៉ាងគំហុក ដូចជាគម្រោងព្រលានយន្ដថ្មី ណាហ្គាវើលដ៏ ឆាយណាថោន ស្មាតស៊ីធី ជាដើម។ ទាំងអស់នេះនឹងធ្វើឲ្យវិនិយោគទុនចាប់អារម្មណ៍ ហើយធ្វើឲ្យវិស័យដីធ្លីមានការរីកចម្រើនជាលំដាប់»

ទន្ទឹមជាមួយគ្នាលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានបង្ហាញនូវមោទនភាព ចំពោះការពង្រីកអនុសាខាថ្មី នៅសៀមរាប ដែលសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់សហរដ្ឋអាមេរិកនៅកម្ពុជា អំឡុងវិបត្តិកូវីដ-១៩ ដើម្បីឈានទៅសម្រេចគោលដៅពង្រីកសាខា និងអនុសាខាឲ្យបាន ១០០ទីតាំងនៅកម្ពុជាក្នុងរយៈពេល ១០ឆ្នាំ ស្របតាមយុទ្ធសាស្ដ្រ “រំលាយបឹង ចូលទន្លេ រំលាយទន្លេចូលសមុទ្រ និងរំលាយសមុទ្រចូលមហាសមុទ្រ” ដើម្បីរុញច្រានវិស័យអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោកកាន់តែធំទូលាយថែមទៀត៕