(855) 023 928 789
English Chinese (Simplified)

Events

នៅខ្វះទុនតែ៣០លានដុល្លារទៀត «វិមានសំណាង ថោន» តម្លៃ៥០០លានដុល្លារ របស់ឧកញ៉ា គីម ហ៊ាង នឹងចាប់ផ្តើមសាងសង់

លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់គម្រោងលំនៅឋានលំដាប់អភិជន បុរី វិមានសំណាង ​​នៅ​ព្រឹក​ថ្ងៃទី០១ ខែ​សីហា នេះ ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នៅ​ខ្វះ​ដើមទុន​ប្រមាណ​តែ ៣០​លាន​ដុល្លារ​ប៉ុណ្ណោះ ​ក្នុង​ការ​​​ចាប់​ផ្តើម​ដំណើរការ​សាងសង់​គម្រោង «វិមាន​សំណាង ថោន» ដែល​មាន​តម្លៃ​ប្រមាណ ៥០០​លាន​ដុល្លារ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​បាន​លើក​ឡើង​​​ថា លោក​បាននិយាយតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២២ ថានឹង​បង្កើត ទីក្រុងសំណាង (Samnang Town) តម្លៃ ៥០០លានដុល្លារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ​​​យ៉ាងណាមិញ ​​មក​ទល់​បច្ចុប្បន្ន​នេះ​ លោក​និង​ក្រុមការងារ​ បាន​រៀបចំ​​ការងារ​មួយ​ចំនួន​ធំ​រួច​ជា​ស្រេច​ហើយ ក្នុង​នោះ​មាន​ដូចជា៖

១.បានរៀបចំដីច្រើនហិកតា មានប្លង់រឹង LMAP មិនជាប់បន្ទុកធនាគារ នៅកណ្តាលរាជធានីភ្នំពេញ។
២.បានរៀបចំក្រុមម៉ៅការសាងសង់ និងម៉ៅការសាងសង់បន្ត។
៣.បានរៀបចំដៃគូផ្គត់ផ្គង់សម្ភារៈសំណង់ និងដៃគូធនាគារ ​សម្រាប់ផ្តល់ឥណទានអោយអតិថិជន។
៤.បានរៀបចំក្រុមលក់ជាង ៥០០នាក់ នៅទូទាំងប្រទេសកម្ពុជា និងច្រើននាក់​ទៀត នៅតំបន់អាស៊ាន និងទ្វីបអាស៊ី។
៥.ក្រុមហ៊ុន​នៅខ្វះលុយប្រហែល ៣០លានដុល្លារទៀត ដើម្បីចាប់ផ្តើមដំណើរការសាងសង់តែម្តង ដោយ​​ក្រុមហ៊ុន​​នឹងមិនយកប្លង់ដីសាងសង់ទីក្រុង សំណាង ទៅដាក់បញ្ចាំយកលុយមកសាងសង់ទេ ហើយរឿងនៅ​សល់ សូមទុកអោយព្រហ្មលិខិត ជាអ្នកកំណត់ចុះ។

កាលពី​ដើមខែកញ្ញា ឆ្នាំ២០២២ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏​បានប្រកាស​ពី​គោលបំណង​របស់​ខ្លួន ចង់​សាងសង់​ «វិមានសំណាង ថោន» នៅ​ប្រទេស​កម្ពុជា ឱ្យ​បាន​លើស​ពី​ ១២​ទីតាំង សម្រាប់​​​អ្នក​ស្នាក់នៅ និង​​អ្នក​ធ្វើ​អាជីវកម្ម​​ជាង ៥០​ម៉ឺន​នាក់ នៅ​មុន​ឆ្នាំ​២០៤២។

សូមបញ្ជាក់​ថា គម្រោង​វិមានសំណាងថោន (Vimean Samnang Town) លើដី ៥០ហិកតា ដែលមានតម្លៃ​វិនិយោគ​ដល់​ទៅជាង ៥០០លានដុល្លារ បានកំណត់ថ្ងៃត្រៀមបុកគ្រឹះសាងសង់យ៉ាងច្បាស់លាស់ នាថ្ងៃព្រហស្បត៌ ២៤ សីហា ២០២៣។ គម្រោង​​នេះ​នឹងមានការ​សាងសង់ដូចជា៖ ផ្ទះអាជីវកម្ម វីឡាព្រីង វីឡាឃ្វីន និងវីឡាឃីង, ខុនដូ ផ្សារទំនើប សាលារៀន សណ្ឋាគារ មន្ទីរពេទ្យ អគារការិយាល័យ កន្លែងរៀបចំ​ជប់លៀង អាពាហ៌​ពិពាហ៌ និងសាលប្រជុំ។ លោកឧកញ៉ា គីម ហ៊ាង បញ្ជាក់​ថា ​គម្រោង​នេះ​ត្រូវការពេល៦ឆ្នាំ ដើម្បីលក់អស់ និង ៩ឆ្នាំដើម្បីសង់បញ្ចប់ ហើយ​​ក្នុង​នោះ​អាចផ្តល់ការងាររាប់ពាន់កន្លែង ដល់ប្រជាជនកម្ពុជា ពន្ធគ្រប់​ប្រភេទ រាប់​សិបលានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា មុខរបររាប់រយ ដល់អ្នករស់នៅក្នុងសហគមន៌ ហើយ​ក៏ជាលំនៅដ្ឋានដល់ប្រជាជនរាប់ម៉ឺននាក់៕

Source From: https://www.oknha.news/