(855) 023 928 789
English Chinese (Simplified)

ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ ការរកស៊ីបច្ចុប្បន្ន អ្នកវិនិយោគ គេមិនងាយមកទេ ទាល់តែយើងទៅគោះទ្វារគេ ដូចសម្ដេចធិបតីកំពុងធ្វើ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ​​កាលពី​ព្រឹក​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ​រួមទាំង​ដាក់​ចេញ​នូវ​វិធាន​ការ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ។

ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​នេះ​ លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញ​អចលនទ្រព្យ​មួយ​រូប​នៅ​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង។ លោក​ឧកញ៉ា​បណ្ឌិត បាន​លើក​ឡើង​ក្នុង​បទសម្ភាសន៍​មួយ កាលពី​ពេល​ថ្មីៗ​នេះ​ថា ​ក្នុងនាម​លោក​ជា​អ្នក​រកស៊ី លោក​សូមគាំទ្រ​ទាំង​ស្រុង ចំពោះ​វិធានការ​ដែល​ដាក់ចេញ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ជំរុញ​ដល់ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ​​ឱ្យ​​អាច​ដំណើរ​ការ​ឡើង​វិញ​ នូវ​អ្វី​ដែល​បាន​ជាប់គាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ នេះ​ជា​វិធានការ​ដ៏​ល្អ និង​ជា​អ្វី​ដែល​វិស័យ​ឯកជន​កំពុង​តែ​រំពឹង​ថា នឹង​ទទួល​បាន​ជោគជ័យ។

លោក​ឧកញ៉ា បាន​បន្ថែម​ដូច្នេះ​ថា៖ ផែនការ​ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​ធិបតី ជាផែនការ​ពង្រឹង​អ្វី​ដែល​មាន​ក្នុង​ស្រុក។ ជាក់ស្តែង ផែនការ​នេះ​ល្អ​ហើយ​ ប៉ុន្តែ​បើ​​​ចង់​បាន​ល្អ​ជាង​នេះ​ទៀត ​គឺ​ត្រូវ​​ជំរុញ​ការងារ​ខាង​ក្រៅ​ប្រទេស​ទៀត។ ការ​រកស៊ី​បច្ចុប្បន្ន​នេះ​ យើង​មិន​អាច​ចាំ​ឱ្យ​គេ​មក​នោះ​ទេ គួរ​តែ​យើង​ទៅ​គោះ​ទ្វារ​គេ​តែ​ម្តង។ ក្នុង​រយៈពេល​ជិត ៦​ខែ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា អ្វី​ដែល​សម្តេច​ធិបតី​​បាន​ធ្វើ​គឺ ធ្វើ​ទាំង​ក្នុង​ធ្វើ​ទាំង​ក្រៅ មានន័យ​ថា​ ទៅ​ស្រុក​ក្រៅ​ហៅ​គេ​មក​រកស៊ី​ ហើយ​ពង្រឹង​ការងារ​ក្នុង​ស្រុក ​គ្រាន់​តែ​ថា​យើង​​ត្រូវការ​ពេលវេលា។ ចំពោះ​​វិស័យ​​ដីធ្លី​​ អចលនទ្រព្យ​នៅខេត្ត​ព្រះសីហនុ គឺ​មាន​សភាព​ធ្ងន់ធ្ងរ ព្រោះ​មាន​បញ្ហា​​អគារ​​រាប់ពាន់។ សម្រាប់​យោបល់​ខ្ញុំ រដ្ឋ​បាន​ចេញ​មុខ​រួច​ហើយ ដូច្នេះ​វិស័យ​ឯកជន ត្រូវ​ទៅ​ក្រៅ​ទាំង​អស់​គ្នា​ ដើម្បី​ជួយ​ទាក់ទាញ​បរទេស​ឱ្យ​មក​វិនិយោគ​នៅ​ស្រុកខ្មែរ។

គួរ​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ទស្សនកិច្ចផ្លូវការ និង​​ដំណើរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំនានា​នៅ​ក្រៅ​ប្រទេស សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែ​ឆ្លៀត​ពេល​ដ៏​មមាញឹក ​ដើម្បី​ជួប​ពិភាក្សា​ពហុភាគី ឬ​ទ្វេភាគី ជាមួយ​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​នានា ឬ​​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឯកជន​បរទេស ក្នុង​គោលបំណង​ទាក់ទាញ​អ្នកវិនិយោគិន​ប្រទេស ​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា៕

Source From: https://www.oknha.news/