(855) 023 928 789
English Chinese (Simplified)

Events

អ្នកជំនាញគាំទ្រការក្រើនរំឮករបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលនឹងជះឥទ្ធិពលវិជ្ជមាន ដល់អ្នករកស៊ីពិតក្នុងវិស័យអចលនទ្រព្យ

(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគាំទ្រសាររបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានក្រើនរំឮកជាថ្មីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបន្ដបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អប្រសើរនៅឡើយ។

លោកថា សារនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់អភិវឌ្ឍន៍លំនៅឋាន ក៏ដូចជាអ្នករកស៊ីពិតប្រាកដ និងច្បាស់លាស់ក្នុងវិស័យនេះ ។

ការគាំទ្រចំពោះសារក្រើនរំឮកខាងលើ ស្របពេលម្ចាស់គម្រោងបុរីវិមានសំណាងរូបនេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយធនាគារ ស៊ិនហាន (ខេមបូឌា) ដែលជាគ្រឹះស្ថានហិរញវត្ថុដ៏ធំមានប្រភពពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីគាំទ្រ និងសម្រួលដល់ការផ្ដល់កម្ចីនានាដល់អតិថិជនរបស់ខ្លួន ។

បណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ថា សារក្រើនរំឮករបស់លោកស្រីបណ្ឌិត ជា សិរី គឺពិតជាត្រឹមត្រូវ នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរឹតបន្តឹងក្នុងការផ្ដល់ឥណទានដល់ម្ចាស់គម្រោង និងអ្នកទិញពិសេស ក្នុងវិស័យអចលនទ្រព្យ ។ បើមើលមួយជ្រុង គិតថាសារនេះ អាចប៉ះពាល់ដល់គម្រោងខ្លួន តែជាក់ស្ដែងមិនដូច្នោះទេ សារនេះបានជួយដល់គម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាគម្រោងបុរីរបស់លោក ដែលត្រូវបានសហការជាមួយធនាគារធំៗជាច្រើន ទាំងកម្រិតជាតិ និងអន្ដរជាតិ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង និយាយថា «ខ្ញុំអាចនិយាយថា ស្ថានភាពលំបាកបង្កើតអ្នកខ្លាំង។ ប្រសិនបើស្ថានភាពងាយស្រួល ការងារងាយស្រួល បុរីមានច្រើន យើងមិនដឹងថាគម្រោងមួយណាខ្លាំង គម្រោងមួយណាខ្សោយ គម្រោងមួយណាធ្វើ ឬមិនធ្វើនោះទេ ។ ប៉ុន្ដែស្ថានភាពលំបាកនេះហើយ ដែលធ្វើឲ្យយើងដឹងថា អ្នកណាគេដែលធ្វើពិត និងអ្នកណាគេដែលធ្វើមិនពិត។ អ៊ីចឹង អ្វីដែលលោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជាលើកឡើង គឺគ្រាន់តែសង្កត់ធ្ងន់ថា ឲ្យមានការរឹតបន្ដឹង និងពិនិត្យឲ្យបានច្បាស់ មិនមែនចេះតែផ្ដល់ឥណទាននោះទេ»។

លោកសង្កត់ធ្ងន់ថា «ប្រសាសន៍របស់លោកជំទាវ គឺជាថ្នាំមួយ ដែលជួយកាត់បន្ថយ ឬបំបាត់នូវអ្នករកស៊ីមិនពិត ក្នុងវិស័យអចលនទ្រព្យ មានន័យថា ជាអាវុធមួយ ដែលធ្វើឲ្យអ្នករកស៊ីមិនពិតនឹងបាត់ខ្លួន ស្របពេលអ្នករកស៊ីពិត អ្នកធ្វើពិត នឹងចំណេញច្រើន ។ ធម្មតានៅពេលមានការរឹងបន្ដឹងច្បាប់ ឬបទបញ្ញាត្តិផ្សេងៗ មនុស្សដែលធ្វើពិត គាត់ទទួលបានផលប្រយោជន៍ តែអ្នករកស៊ីមិនទៀងត្រង់ ឬគ្មានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ នឹងដួលរលំដោយខ្លួនឯង។ សម្រាប់ខ្ញុំគាំទ្រនូវរាល់ចំណាត់ការផ្លូវច្បាប់ ពីព្រោះក្នុងនាមអ្នករកស៊ី យើងត្រូវគោរពច្បាប់ ហើយនៅពេលច្បាប់រឹតបន្ដឹងកាន់តែខ្លាំង គឺយើងនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន»

សូមជម្រាបថា លោកស្រីបណ្ឌិត ជា សិរី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ ២០២៣» នៅព្រឹកថ្ងៃទី ២០ខែឧសភា ឆ្នាំ ២០២៤ បានក្រើនរំលឹកជាថ្មីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ។

លោកស្រីបានថ្លែងថា «យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេស មកកាន់វិស័យនេះ»

លោកស្រីបន្តថា ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានជាយថាហេតុ មកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ៕

Source From: https://freshnewsasia.com/