(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង (Borey Vimean Samnang Co., Ltd) បានក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។
លោកជំទាវឧកញ៉ា គង់ សំណាង ត្រូវជាភរិយារបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង។ លោកជំទាវ ជាអគ្គនាយិកាបុរី វិមានសំណាង និងជាម្ចាស់បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ផងដែរ។ លោកស្រី គង់ សំណាង ជាអ្នកជំនួញលើវិស័យអចលនទ្រព្យមួយរូប ដែលតែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់កិច្ចការងារសង្គមជាហូរហែ។ លោកស្រី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សូមជម្រាបថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្ម មិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឱ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅទូទាំងប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕