(855) 023 928 789
English Chinese (Simplified)

ការណែនាំឱ្យសិក្សាពីទីផ្សារ មុន​ឈានដល់ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគលើ​វិស័យ​ទេសចរណ៍​នៅកម្ពុជា

សកម្មភាពនៃការ​វិនិយោគ​ទៅលើ​វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលមានដូចជា សេវាកម្ម​ទេសចរណ៍ ​សណ្ឋាគារ និងភោជនីយដ្ឋាន​ជាដើម ហាក់បានឈានដល់កម្រិតមួយលើសពី​តម្រូវការជាក់ស្ដែងរួចទៅហើយ ដូច្នេះ​វិនិយោគិន​ដែល​មានបំណងបណ្ដាក់ទុន​វិនិយោគលើ​វិស័យមួយនេះ គប្បីមានកា​រប្រុងប្រយ័ត្ន​ខ្ពស់ និងត្រូវ​សិក្សា​ពីទីផ្សារ​ឱ្យ​បាន​ច្បាស់លាស់​មុនឈានដល់ការសម្រេចចិត្ត។​

ការ​វិនិយោគ​លើ​សេវាកម្ម​ទេសចរណ៍ ​​ដូចជា​ សណ្ឋាគារ​ និងភោជនីយដ្ឋាន​ អ្នក​វិនិយោគ​គួរមានការ​ពិចារណា​ និងសិក្សា​ពីទីផ្សារឱ្យ​បានច្បាស់ ព្រោះថា តំបន់​ទេសចរណ៍មួយចំនួន​វា​គ្រប់គ្រាន់ ឬលើស​តម្រូវការ​ទៅហើយ ខណៈ​តំបន់ទេសចរណ៍​មួយចំនួ​នទៀតនៅខ្វះការផ្គត់ផ្គង់​នៅឡើយ ។​

ដូចលោកអ្នកដឹងហើយថាសម្រាប់តំបន់សៀមរាប ​ការផ្គត់ផ្គង់​លើ​សេវាកម្មទេសចរ​ណ៍​វា​ហាក់ដូចជា​មាន​ចំនួន​ច្រើន​ពេក​ហើយ​ ។ ខ្ញុំធ្លាប់បាន​លើកឡើងតាំងពី​ជាង​១០​ឆ្នាំមុនម្ល៉េះថា កា​រអ​ភិ​វឌ្ឍ​សេ​វាកម្មទេសចរណ៍​នៅខេត្ត​សៀមរាប​​វា​ច្រើន​ពេកហើយ និងគួររកតំបន់ណា​ផ្សេង​វិញ​ ប៉ុន្តែ​ពុំ​សូវ​មាន​អ្នកស្ដាប់​ប៉ុន្មាននោះទេ ជាក់ស្ដែង​មកដល់​បច្ចុប្បន្ន​នេះ​ សៀមរាប​ក៏ជួប​ប្រទះ​នឹង​បញ្ហា​​ប្រឈម​ដោយការផ្គត់ផ្គង់លើស​ពីតម្រូវការ។ មែនទែនទៅ​ ចំនួន​ភ្ញៀវទេសចរ​មកលេងខេត្ត​សៀមរាប បើធៀបនឹង​មុនកូ​វី​ដ​១៩ វា​មិន​តិចជាង​គ្នា​ប៉ុន្មាន​នោះទេ ប៉ុន្តែដោយសារតែម្នាក់​ៗបាន​អភិវឌ្ឍន៍លើ​សេវាកម្ម​ទេសចរ​ណ៍​ ដូចជា​​ស​ណ្ឋា​គា​រ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត​ច្រើន​ពេក ធ្វើឱ្យយើងមើលឃើញថា​ចំនួន​ទេសចរ​​មក​លេ​ង​​​​ខេត្ត​សៀមរាប​តិច​ជាង​មុន ។ កាលពីមុន យើង​មាននំមួយដុំ​ ហើយយើង​មានគ្នា​តែ​២ ទៅ ៣ ​​នាក់​ ប៉ុន្តែ​ម​ក​ដល់​ពេលនេះ នំមួយដុំ​ដដែល​ តែយើង​មានគ្នា​ដល់ទៅ១០នាក់ ដូច្នេះហើយ​យើង​ត្រូវ​ដណ្ដើម​នំគ្នា​ញ៉ាំ។

ក្រៅតែពីក្រុងសៀមរាប សម្រាប់តែនៅភ្នំពេញនាពេល​បច្ចុប្បន្ននេះ​ ក៏មានការ​ប្រកួត​ប្រជែង​​ក្នុង​វិស័យ​ស​ណ្ឋា​គា​រ​ និងភោជនីយដ្ឋានដែរ ដោយពីមុន​អ្នកអភិវឌ្ឍន៍ ​ឬម្ចាស់​សណ្ឋាគារ​ជាជន​ជាតិខ្មែរអាច​រស់​បាន ប៉ុ​ន្តែ​​​ចាប់តាំងពី​២០១២ ឬ ​២០១៣មក អ្នក​វិនិយោគ​លើ​សណ្ឋាគារ​ និងសេវាកម្ម​ទេសចរណ៍​ ក៏​មាន​ជន​បរ​ទេ​ស​​ជាច្រើន​ចូលមក​វិនិយោគ​ធ្វើ​ឱ្យមានការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង។​

ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម​ និងសំណង់​ ក៏បានលើកឡើង​កាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍ​លើ​អចលនទ្រព្យ​ដោយមិនសិក្សា​ទីផ្សារ​ និងស្ថានភាព​សេដ្ឋ​កិច្ចពិភពលោក​ច្បាស់លាស់ អាចធ្វើឱ្យ​ទីផ្សារ​នេះ​ជួបប្រទះនឹង​បញ្ហា។

ឯក​ឧត្តមក៏បាន​មានប្រសាសន៍បញ្ជាក់ផងដែរថា​ កាលពីប៉ុន្មានឆ្នាំមុន​ អ្នកវិនិយោគលើអចលនទ្រព្យ​ ដូចជា គម្រោង​ដីឡូត៍​​ និងលំនៅឋាន​ជាដើម បាននាំគ្នា​សម្រុកអភិវឌ្ឍន៍​សាងសង់​ ដោយមិនបានសិក្សា​ពីទីផ្សារ និង​​តាមដានព័ត៌មាន​សេដ្ឋកិច្ច​សាកល​ ទើប​ធ្វើឱ្យ​មានបញ្ហា​ និងបន្តមកដល់ដូចសព្វថ្ងៃនេះ ៕