(855) 023 928 789
English Chinese (Simplified)

តើក្រុមហ៊ុនណាជាអ្នកវិនិយោគព្រែកជីកហ្វូណនតេជោ?

លោកអ្នកបានដឹងហើយគម្រោងព្រែកជីកហ្វូណនតេជោត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ដោយគម្រោងគឺមានការវិនិយោគសាងសង់រួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក ជាមួយនឹងក្រុមហ៊ុនចិន។ ហើយនៅពេលលេចចេញជារូបរាងត្រូវបានគេរំពឹងថានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា។

 

 

ដូច្នេះតើគម្រោងព្រែកជីកហ្វូណនតេជោនេះ ក្រុមហ៊ុនខ្មែរកាន់ទុនវិនិយោគចំនួនប៉ុន្មាន? ហើយក្រុមហ៊ុនចិនកាន់កាប់ទុនវិនិយោគចំនួនប៉ុន្មាន? និងចាយពេលប៉ុន្មានសម្រាប់ការស្ថាបនា?

 

 

បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)។

 

 

គួរបញ្ចាក់ថាផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេកមានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ៕