(855) 023 928 789
English Chinese (Simplified)

ដំណឹងល្អ! រដ្ឋសម្រេចចិត្តបន្ដបន្ធូរបន្ថយ និងលើកលែងការបង់ពន្ធលើអចលនទ្រព្យ ៣ មុខនេះរហូតដល់បំណាច់ឆ្នាំ២០២៥

រាជរដ្ឋាភិបាលសម្រេចបន្ដការបន្ធូរបន្ថយ និងលើកលែងការបង់ពន្ធលើអចលនទ្រព្យបីប្រភេទរួមមាន៖ ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ, អនុញ្ញាតឲ្យបង់ពន្ធជាកញ្ចប់ដល់ក្រុមហ៊ុនសំណង់ និងការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ រហូតដល់បំណាច់ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្តីពី “ សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចបានមានប្រសាសន៍ថា «ខ្ញុំបានសម្រេចផ្ដល់គោលការណ៍លើកទឹកចិត្ដពន្ធដារក្នុងវិស័យអចលនទ្រព្យដែលបានកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងប្រជាពលរដ្ឋ​ដែលជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន៖ ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ ទី២៖ការអនុញ្ញាតបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងទី៣ គឺការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី ដែលមានតម្លៃថ្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ។ ដោយគោលការណ៍លើកទឹកចិត្ដនេះ នឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៤»។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ដថា «តាមការពិគ្រោះយោបល់ជាមួយនឹងវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្ដ អនុវត្ដគោលការណ៍លើកទឹកចិត្ដនេះរហូតដល់បំណាច់ឆ្នាំ២០២៥។ ជាមួយគ្នានេះខ្ញុំក៏បានណែនាំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យមើលលើគោលការណ៍លើកទឹកចិត្ដផ្សេងទៀតសម្រាប់វិស័យអចលនទ្រព្យដែលនឹងត្រូវផុតកំណត់ ដើម្បីនឹងពិនិត្យលទ្ធភាពបន្ដការអនុគ្រោះក្នុងករណីចាំបាច់»៕