(855) 023 928 789
English Chinese (Simplified)

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជួបសម្តែងការគួរសម និងស្នើសុំការណែនាំពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា

នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc) រួមដំណើរដោយលោក ពៅ សូវណ្ណារិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុនធានាទិញមូលបត្រ Campu Securities Plc បានជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្នើសុំការណែនាំពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លើគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក។

កាលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងថា បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងក្លាយជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ ដែលនឹងឡើងផ្សារភាគហ៊ុននៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុន បុរី វិមានសំណាង មានឆន្ទះរួមគ្នាក្នុងការនាំទីផ្សារមូលធនកម្ពុជា (Cambodia Stock Market) ទៅកាន់កម្រិតមួយខ្ពស់ជាងនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់កាលថ្មីៗនេះថា ដើម្បីសម្រេចផែនការអាជីវកម្ម ៣០ឆ្នាំ (២០២៦-២០៥៦) ក្នុងការសាងសង់ឱ្យបាន ១០០ ០០០ (ផ្ទះ វីឡា និងខុនដូ) ក្នុង៤៥គម្រោង រួមមានសាលារៀន ៤៥កន្លៃង មន្ទីរពេទ្យ ៤៥កន្លែង ផ្សារ ៤៥កន្លៃង និងកន្លែងលេងកីឡាចម្រុះ ៤៥កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងអាចទៅបរទេសទៀត នោះការឡើងផ្សារភាគហ៊ុននៅកម្ពុជា និងបរទេស ដើម្បីឱ្យមានអ្នកចូលហ៊ុនរាប់ពាន់ ម៉ឺននាក់ ឬសែននាក់ គឺជាជម្រើស ដែលល្អបំផុតសម្រាប់រូបលោក និងក្រុមហ៊ុនបុរី វិមានសំណាង ម.ក៕