
នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានកិត្តិយសជាខ្លាំង ចំពោះគណៈប្រតិភូអ្នកវិនិយោគអន្តរជាតិដែលអញ្ជើញមកពីប្រទេសសិង្ហបុរី។ កិច្ចជំនួបនេះ មានគោលបំណងពិភាក្សា និងស្វែងយល់បន្ថែមអំពីឱកាសវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ពិសេសគឺការចាប់អារម្មណ៍របស់និយោគិនសិង្ហបុរី ក្នុងការទិញភាគហ៊ុន IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។

ការអញ្ជើញមកដល់របស់អ្នកវិនិយោគអន្តរជាតិពីសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញពីភាពទាក់ទាញ និងសក្តានុពលរបស់ទីផ្សារមូលបត្រកម្ពុជាចំពោះនិយោគិនបរទេស។ នេះក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងជំរុញទីផ្សារមូលបត្រអោយកាន់តែមានភាពរីកចម្រើន និងតម្លាភាព។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ថ្នាក់ខ្ពស់នៅកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើគុណភាពសំណង់ និងការរចនាម៉ូដបែបទំនើប។ តាមរយៈការធ្វើ IPO របស់ខ្លួន ក្រុមហ៊ុនមានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងបង្កើនលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារអចលនទ្រព្យ។ ការចូលរួមរបស់អ្នកវិនិយោគសិង្ហបុរី នឹងជួយពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងផ្តល់ឱកាសអោយនិយោគិនទាំងនោះ ទទួលបានផលចំណេញពីការរីកចម្រើនរបស់ក្រុមហ៊ុននាពេលអនាគត។
កម្មវិធីទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ និងមានលក្ខណៈស្និទ្ធស្នាលបំផុត។ វត្តមានរបស់ ឧកញ្ញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្នុងពិធីនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនចំពោះអ្នកវិនិយោគ។





