(855) 023 928 789
English Chinese (Simplified)

បណ្ឌិត គីម ហ៊ាងបានចែករំលែកថា៖ វ័យខ្ទង់ ២០ទៅ៣០ឆ្នាំ ត្រូវប្រញាប់ធ្វើរឿងធំៗ២នេះភ្លាម

វ័យខ្ទង់ ២០-៣០ឆ្នាំ ជាពេលវេលាដ៏សំខាន់បំផុតក្នុងដំណាក់កាលជីវិតមនុស្សម្នាក់ៗ ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគត និងគុណភាពជីវិតទាំងមូល។ ហេតុដូចនេះហើយទើបលោកបណ្ឌិត គីម ហ៊ាង ដែលជាអគ្គនាយកក្រុមហ៊ុន ​KW Cambodia , Khmer Real Estate និងបុរី ខេអេស រ៉េស៊ីដេនបានចែករំលែករឿងធំៗ ២ ដែលមនុស្សស្រីប្រុសគួរធ្វើឲ្យបានក្នុងវ័យនេះ៖

១/. រកមេល្អ៖ ការបើកទំព័រថ្មីនៃជីវិតការងារអ្នកត្រូវស្វែងរកក្រុមហ៊ុន ឬថ្នាក់ដឹកនាំដែលអ្នកយល់ថាល្អ និងអាចដឹកនាំជីវិតអ្នកទៅកាន់ភាពល្អប្រសើរបាន ដោយពុំគួរសម្លឹងមើលលើអត្ថប្រយោជន៍នៃប្រាក់ខែតែមួយមុខនោះទេ។ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ចូររកការងារដែលត្រូវនឹងអនាគតមួយដែលអ្នកចង់បាន និងមានមេល្អ ព្រោះអ្នកអាចរៀនសូត្របានយ៉ាងច្រើនពីគាត់ បន្ទាប់មកធ្វើការឲ្យខ្លាំង ដាក់ចិត្តរៀនពីអ្វីដែលថ្មីពាក់ព័ន្ធនឹងគោលដៅរបស់អ្នក នោះអ្នកនឹងមើលឃើញខ្លួនឯងអភិវឌ្ឍខ្លួនលឿននឹកស្មានមិនដល់។

២/. ចាប់ផ្តើមចេញរកស៊ី៖ លោកបណ្ឌិត បានមានប្រសាសន៍ថា៖ «អ្នកធ្វើការ មានមុខងារ តួនាទីស្របតាមជំនាញវិជ្ជាជីវនៅក្នុងស្ថាប័នផ្សេងៗ ឬធ្វើការតាមធម្មតា ពិបាកនឹងក្លាយជាអ្នកមានណាស់»។ ម្លោះហើយនៅអំឡុងពេលដែលអ្នកកំពុងបម្រើការនៅក្នុងស្ថាប័ន ឬអង្គភាពណាមួយដែលអាចនាំអ្នកទៅកាន់ការសម្រេចក្តីស្រម៉ៃរបស់អ្នកហើយ អ្នកគួរបើកចិត្តរៀនពីការងារនោះឲ្យបានខ្លាំង ដើម្បីមានឱកាសចេញរកស៊ីចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ព្រោះមានតែការចេញរកស៊ីតែម្យ៉ាងគត់ដែលអាចរំដោះអ្នកទៅកាន់ភាពស្តុកស្តម្ភ និងចៀសផុតពីភាពក្របាន។

យ៉ាងណាមិញ វ័យខ្ទង់២០ឆ្នាំ គឺជាវ័យមាសពេជ្រ ដែលអ្នកត្រូវប្រើប្រាស់ឲ្យបានល្អ និងម៉ត់ចត់បំផុត។ អនាគតអ្នកបែបណាគឺអាស្រ័យទៅលើសកម្មភាពដែលអ្នកធ្វើនាពេលនេះឯង៕