(855) 023 928 789
English Chinese (Simplified)

កម្ពុជានឹងលេចរូបរាងគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចេញពីភ្នំពេញចំនួន ៤​ខ្សែធំៗ

រាជរដ្ឋាភិបាលកម្ពុជា​បានចំណាយទឹក​ប្រាក់​រាប់ពាន់​លានដុល្លារ​អាមេរិកក្នុង​អភិវឌ្ឍន៍​ហេដ្ឋា​រច​នាស​ម្ព័ន្ធ តភ្ជាប់ពីភ្នំពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំប្រទេស ទៅកាន់​បណ្ដាខេត្ត​នានា​ ក៏ដូចជាភ្ជាប់​ទៅកាន់​ប្រទេសជិត​ខាង និងពិភពលោកផងដែរ ដោយជាប្រយោជន៍សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ជាពិសេសវិស័យពាណិជ្ជកម្ម។​ ជាក់ស្ដែង​ហេដ្ឋារចនាសម្ព័ន្ធចំនួន​៤ប៉ុណ្ណោះ ដែល​តភ្ជាប់ចេញពីភ្នំពេញ​មានតម្លៃរហូតដល់​ជាង ៦​០០០លានដុល្លារ​អាមេរិក។

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង​៤ ដែល​រាជរដ្ឋាភិបាល​បាន ​និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍​យ៉ាងសកម្ម រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ស្ពាន​ឆ្លងទន្លេពីផ្លូវជាតិលេខ​១ ទៅ​ល្វាឯម, អាកាសយានដ្ឋានអន្តរជាតិ​តេជោ​ ក្រុងតាខ្មៅ ដែលស្ថិតនៅភាគ​ខាង​ត្បូងរាជធានីភ្នំពេញ និង​គម្រោង​ព្រែកជីក​ហ្វូណ​នតេជោ ​ដែល​ទើប​បើ​កការដ្ឋានសាងសង់​ជាប្រវត្តិសាស្ត្ររបស់កម្ពុជាកាលពី​ពេល​ថ្មីៗនេះ ។​

​១. គម្រោងផ្លូវ​ល្បឿនលឿន​​​ភ្នំពេញ-បាវិត ៖ បាន​បើក​ការដ្ឋានសាងសង់​ជាផ្លូវការកាលពីអំឡុង​ដើមខែមិថុនា ឆ្នាំ២០២៣​កន្លងទៅក្រោម​អធិបតីភាពសម្ដេចអគ្គ​មហាសេនា​បតីតេជោហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះ មាន​តម្លៃប្រមាណ ១,៣៥ពាន់​លានដុល្លារអាមេរិក​ តភ្ជាប់ពីភ្នំពេញ កាត់តាម​ខេត្ត​កណ្ដាល​ ខេត្ត​ព្រៃវែង និងស្វាយរៀង ។​ គម្រោង​នេះ​នឹង​ផ្ដល់​នូវ​ប្រយោជន៍​ដល់សេដ្ឋកិច្ចកម្ពុជា​បន្ថែមទៀត​តាមរយៈការ​ដឹកជញ្ជូន​ឆ្លង​ប្រទេស​ពីកម្ពុជា​ទៅកាន់​ប្រទេសវៀតណាម​ និង​ទៅកាន់បណ្ដាប្រទេស​ផ្សេងទៀត ។​

២. គម្រោង​ស្ពានឆ្លងទន្លេ​ពីផ្លូវជាតិលេខ​១ ទៅ​ល្វាឯម​ ខេត្តកណ្ដាល ៖ ជា​គម្រោង​សំខាន់មួយ​ជួយ​ជំរុញ​ការ​អភិ​វឌ្ឍ​​​​នៅក្នុងតំបន់ល្វាឯម ដែល​កន្លងមកទំនាក់ទំនងរវាង​តំបន់​នេះ​ទៅកាន់​តំបន់​ផ្សេងទៀត គឺត្រូវ​ឆ្លង​ស្រឡាង​ ប៉ុន្តែ​បើស្ពាន​នេះសាងសង់រួច ​ពលរដ្ឋ​នៅតំបន់ល្វា​ឯម​នឹង​អាច​ឆ្លង​ចេញចូល​ដោយសេរីទៅកាន់តំបន់​ផ្សេង​ទៀត ងាយស្រួលធ្វើការ​ដឹកជញ្ជូន ​និងធ្វើ​ដំណើរ​កាន់តែ​លឿន​រហ័ស និងបាន​គ្រប់ពេលវេលា ។​ គម្រោង​នេះ​​ រាជរដ្ឋា​ភិ​បាលគ្រោងចំណាយថវិកា​ប្រមាណជាង​ ២០០​លានដុល្លារ​អាមេរិក​ ដើម្បីដំណើរការ​សាងសង់ ហើយ​គ្រោង​នឹង​​បញ្ចប់​ដំណាល​គ្នានឹង​ផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត​ផងដែរ ។

៣. គម្រោងអាកាស​យានដ្ឋានអន្តរជាតិ​តេជោ ៖ ជាគម្រោងដែលអាច​តភ្ជាប់គោលដៅពីភ្នំពេញទៅកាន់​ពិភពលោក​ តាមរយៈជើងហោះហើរ​ខ្នាតធំៗ ដែល​នឹងអាច​ចុះចត​នៅអាកាស​យានដ្ឋាន​មួយនេះ​បាន ។ អាកា​សយានដ្ឋាន​អន្តរជាតិតេជោ​ ដំណាក់កាលទី១ នឹង​ដាក់ដំណើរការ​នៅ​អំឡុងពេល​កណ្ដាលឆ្នាំ២០២៥ខាងមុខ ហើយ​ក៏ជា​ពេលវេលា​បើកទំព័រ​ថ្មីនៃវិស័យអាកាស​ចរ​កម្ពុជា ដោយអាច​ភ្ជាប់ជើងហោះហើ​រត្រង់ជាមួយ​បណ្ដា​ប្រទេស​​លើពិភពលោកឆ្ងាយៗ​​ ខណៈកន្លងមក​ត្រូវ​ផ្ទេរ​ជើងហោះហើរជាមួយប្រទេសជិត​ខាង ​ឬប្រទេស​ក្នុងតំបន់​ ។​គម្រោង​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ មានតម្លៃប្រមាណ ១,៥ពាន់​លានដុល្លារអាមេរិក​ ដោយ​បច្ចុប្បន្ន​នេះ បាន​ចាយទឹកប្រាក់ប្រមាណ​១,២​ពាន់លានដុល្លារ​អាមេរិក​​ហើយដែរ ។​

៤. គម្រោងព្រែកជីក​ហ្វូណ​នតេជោ ៖ ជាគម្រោង​ដែលប្រជាពលរដ្ឋ​ទូទាំងប្រទេសទើប​តែអបអរសាទរ​ព្រោងព្រាត​កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ ជា​គម្រោងប្រវត្តិសាស្ត្រដ៏ធំមួយរបស់កម្ពុជា ។ គម្រោងនេះ​នឹង​តភ្ជាប់ពី​កំពង់ផែទឹកសាប​ ទៅកាន់​កំពង់ផែសមុទ្រ​ទឹកជ្រៅរបស់កម្ពុជា ហើយ​នឹង​បន្តទៅកាន់​កំពង់ផែអន្តរជាតិ​នៅប្រទេស​ក្នុង​តំបន់​ ក៏ដូចជាកំពង់ផែនៅតាមបណ្ដា​ប្រទេសជាច្រើនទៀតលើពិភពលោក។ គម្រោង​នេះ​មានតម្លៃប្រមាណ ១,៧​ពាន់លានដុល្លារ វិនិយោគ​ដោយក្រុមហ៊ុនចំនួន​ ៤រួមគ្នា ដែលក្នុងនោះ រួមមាន​ក្រុម​ហ៊ុន​សាធារណរបស់រដ្ឋ​ចំនួន​២, ក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន​១​ និងក្រុមហ៊ុន​រដ្ឋ​របស់​ចិន ( CBRE ) ចំនួន​១​ ។