(855) 023 928 789
English Chinese (Simplified)

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហើបប្រាប់ពីសារៈសំខាន់នៃការឡើងផ្សារភាគហ៊ុនកម្ពុជា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហើបឱ្យដឹងពីសារៈសំខាន់នៃការឡើងផ្សារភាគហ៊ុននៅកម្ពុជា ពិសេសនៅឆ្នាំ២០២៥ខាងមុខនេះ លោកយល់ឃើញថាផ្សារហ៊ុននៅកម្ពុជា នឹងមានសន្ទុះងើបឡើងខ្លាំង ហើយនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

431862433 7308478099218819 6588781754675918582 n-1536x1025

លោកឧកញ៉ា បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅនេះថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកកំពុងធ្វើគម្រោងបុរី ២កន្លែង ហើយប្រហែលចុងឆ្នាំ២០២៥ លោកនឹងយកក្រុមហ៊ុនមួយឡើងផ្សារហ៊ុន ព្រោះលោកមើលឃើញថា អ្នកមានលុយមិនដឹងរកស៊ីអ្វី អ្នកដឹងរកស៊ីអ្វីអត់មានលុយ ដូច្នេះធ្វើឱ្យអ្នកមានគំនិតអាជីវកម្ម មានការខ្វះដើមទុន រីឯអ្នកមានលុយទៅផ្ញើលុយនៅធនាគារ ដើម្បីបានការប្រាក់។ នៅពេលផ្ញើធនាគារកាន់តែច្រើនបានការប្រាក់ ៥ឬ៦% ហើយធនាគារសល់លុយ មិនដឹងឱ្យនរណា ព្រោះអ្នកទៅខ្ចីលុយមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ នោះនឹងធ្វើឱ្យមានបញ្ហាក្នុងការប្រើប្រាស់លុយ។

យ៉ាងណាមិញ ជាយោបល់របស់លោកឧកញ៉ា សម្រាប់ឆ្នាំ២០២៥តទៅ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ទាល់តែយើងជំរុញការវិនិយោគការឡើងផ្សារភាគហ៊ុន។ លោកឧកញ៉ា បន្តថាការឡើងផ្សារភាគហ៊ុន មានន័យថា មានគម្រោងផែនការអាជីវកម្មច្បាស់លាស់ត្រឹមត្រូវមួយ ដែលទទួលស្គាល់ដោយនិយ័តករផ្សារហ៊ុនកម្ពុជា និងមានច្បាប់ លិខិតបទដ្ឋានគតិយុត្តច្រើន។ មនុស្សម្នាក់សុទ្ធតែមានលុយ អ្នកខ្លះមានលុយ ១០០ដុល្លារ ១ពាន់ដុល្លារ ឬ១ម៉ឺនដុល្លារ មិនដឹងយកទៅណា ព្រោះបើផ្ញើធនាគារក៏ពិបាកទុក (ជាប់ខ្លួនចាយអស់) ប៉ុន្តែនៅពេលក្រុមហ៊ុនជាច្រើនឡើងផ្សារហ៊ុន គឺពួកគេអាចទិញផ្សារហ៊ុននោះបាន។

លោកឧកញ៉ា បន្ថែមដូច្នេះថា៖ “ប្រទេសដែលជឿនលឿនលើពិភពលោក គឺគេដើរលើផ្សារហ៊ុន។ ជាក់ស្តែង ហុងកុង ជាផ្នែកមួយតូចរបស់ប្រទេសចិន ប៉ុន្តែផ្សារហ៊ុនរបស់ពួកគេធំលំដាប់ទី៤ លើពិភពលោក និងធំជាងផ្សារហ៊ុននៅប្រទេសឥណ្ឌាទៅទៀត។ ដូច្នេះនៅឆ្នាំ២០២៥ ខ្ញុំមើលឃើញថា នឹងមានក្រុមហ៊ុនជាច្រើន ឡើងផ្សារហ៊ុន។ អ្នកដែលមានចំណេះដឹង បទពិសោធន៍ចេះរកស៊ី ហើយខ្វះដើមទុន អាចឡើងផ្សារហ៊ុន នោះនឹងអាចប្រមូលលុយបានច្រើន ដើម្បីធ្វើអាជីវកម្មពិតៗ។ យើងទទួលស្គាល់ថា មានអ្នកបោកច្រើន មិនមែនតែនៅខ្មែរទេ នៅថៃ នៅចិន ឬនៅណាក៏ដោយ ប៉ុន្តែក្នុងនោះក៏មានអ្នករកស៊ីពិតដែរ។ ដូច្នេះគួរគិតគូររឿងទិញផ្សារហ៊ុន។ ឧទាហរណ៍ថា ហ៊ុនមួយ១ដុល្លារ អ្នកមាន១០០ដុល្លារ អាចទិញបាន ១០០ហ៊ុន អ្នកមានលុយច្រើនអាចទិញកាន់តែច្រើន ហើយសេដ្ឋកិច្ចជាតិនឹងដើរ នៅពេលដែលយើងប្រើប្រាស់លុយរបស់យើងអស់លទ្ធភាព”។

458548656 8213670655366221 5419219980773484741 n

សូមជម្រាបថា ទីផ្សារភាគហ៊ុន គឺជាផ្នែកដ៏សំខាន់មួយនៃទីផ្សារហិរញ្ញវត្ថុ ដែលមានអត្ថប្រយោជន៏ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាច្រើន ដូចជា៖ ធ្វើឱ្យមានលំហូរសាច់ប្រាក់ពីក្រុមហ៊ុនដែលត្រូវការដើមទុន ទទួលបានមូលធនដោយផ្ទាល់ពីវិនិយោគិន, ធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកអាជីកម្មរបស់ខ្លួន, វិស័យនានាក៏មានការរីកចម្រើន ដោយភាគហ៊ុនិកដើម អាចលក់ភាគហ៊ុនរបស់ខ្លួនក្នុងថ្លៃខ្ពស់ នឹងយកទៅវិនិយោគក្នុងវិស័យថ្មី, ចំណូលជាតិមានការកើនឡើង ព្រោះអាជីវកម្មរបស់ក្រុមហ៊ុនរីកចម្រើន នោះក្រុមហ៊ុននឹងត្រូវបង់ពន្ធកាន់តែច្រើន, ជំរុញឱ្យមានការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន និងបង្កើនការងារក្នុងស្រុក ជាដើម៕